Social Network

អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ១.១ពាន់លានដុល្លារ ក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់មីស៉ីល HIMARS ១៨គ្រឿងបន្ថែម

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាថ្មីទំហំ ១.១ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់ផ្លោងមីស៉ីល HIMARS ដែលកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ ចាប់តាំងពីខែមិថុនាមក ហើយនិងសព្វាវុធក៏ដូចជាបរិក្ខារយោធាដទៃៗទៀត។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។ កញ្ចប់ជំនួយខាងលើនាំឱ្យការផ្តល់ជំនួយសរុប របស់អាមេរិកដល់អ៊ុយក្រែន កើនដល់ជិត ១៧ពាន់លានដុល្លារហើយ ចាប់តាំងតែពីលោក បៃដិន បានឡើងកាន់អំណាច កាលពីដើមឆ្នាំ២០២១មក។ ក្នុងកញ្ចប់នោះ រួមមានប្រព័ន្ធ HIMARS ចំនួន១៨គ្រឿងបន្ថែម និងប្រព័ន្ធ Titan ចំនួន១២គ្រឿង សម្រាប់ប្រឆាំងនឹងយន្តហោះដ្រូន។ ក្នុងកញ្ចប់ជំនួយដដែល ក៏រួមមានផងដែរនូវ ថវិកាសម្រាប់យានយន្តប្រហែល៣០០គ្រឿង, រថយន្តធុនធំរាប់សិបគ្រឿង សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធាធុនធ្ងន់ ហើយនិងប្រព័ន្ធរ៉ាដា ក៏ដូចជាឧបករណ៍ទំនាក់ទំនងនិងឈ្លបការណ៍ចម្រុះប្រភេទ រួមជាមួយសម្ភារៈសម្រាប់កងទ័ព។

លើសពីនេះទៅទៀត ក៏មានថវិកាសម្រាប់បរិក្ខាសម្រាប់ស្វែងរកគ្រឿងផ្ទុះ និងសម្រាប់ការជួសជុលថែទាំ ព្រមទាំងការហ្វឹកហាត់ថែមទៀតផង។ គួរបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានដល់រយៈពេលជាង៧ខែហើយ និងកំពុងតែផ្លាស់ប្តូរទៅរកដំណាក់កាលថ្មីមួយ ស្របពេលដែលរុស្ស៉ីកំពុងព្យាយាមងើបឡើងវិញ ពីការបរាជ័យនាពេលថ្មីៗកន្លងមកនេះ ដោយសារតែប្រតិបត្តិការវាយបកយ៉ាងរហ័សរបស់អ៊ុយក្រែន ហើយចំគ្រាដែលទីក្រុងមូស្គូកំពុងប៉ុនប៉ងប្រើប្រាស់ លទ្ធផលបោះឆ្នោតប្រជាមតិ នៅតំបន់ភាគខាងកើត និងខាងត្បូងអ៊ុយក្រែន ដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួន នៅក្នុងទឹកដីរបស់អ៊ុយក្រែន៕

ដកស្រង់ពី៖Fresh News