Social Network

កូរ៉េខាងត្បូង អះអាងថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើកើតឡើងមែន គឺអាចនៅចន្លោះថ្ងៃទី១៦ ខែតុលា-ថ្ងៃទី៧ ខែវិច្ឆិកា

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានផ្សាយថា ការធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរ លើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៧មក ប្រសិនបើកើតឡើងមែននោះ គឺទំនងជាប្រព្រឹត្តទៅនៅខ្ទង់ចន្លោះ ថ្ងៃទី១៦ ខែតុលា និងថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ។

ដំណឹងខាងលើ ត្រូវបានផ្សាយដំបូងដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ផ្អែកទៅលើសម្តីក្រុមសមាជិកកូរ៉េខាងត្បូង ដែលទទួលបានរបាយការណ៍ពីទីភ្នាក់ងារជាតិផ្នែកចារកម្ម NIS។ នាពេលនេះ ការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរ គឺបានចប់សព្វគ្រប់អស់ហើយ នៅឯមូលដ្ឋានធ្វើតេស្ត ភូងហ្គីរី (Punggye-ri) ជាកន្លែង ដែលកូរ៉េខាងជើង ធ្លាប់បំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦លើក កាលពីចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៧។

សូមបញ្ជាក់ថា ពេលវេលានៃការធ្វើតេស្តនុយក្លេអ៊ែរនេះ គឺទំនងជានឹងអាស្រ័យទៅលើព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសចិន ដែលសម្ព័ន្ធមិត្តចម្បងរបស់ទីក្រុងព្យុងយ៉ាង ហើយនិងនៅសហរដ្ឋអាមេរិក ដែលជាគូ សត្រូវធំបំផុតរបស់កូរ៉េខាងជើង។ បើតាមក្រុមសមាជិកសភាកូរ៉េខាងត្បូង ទីភ្នាក់ងារ NIS បានប្រាប់ថា ប្រសិនបើកូរ៉េខាងជើង ធ្វើតេស្តនុយក្លេអ៊ែរមែននោះ វាអាចកើតឡើងនៅចន្លោះព្រឹត្តិការណ៍មហាសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលត្រូវចំថ្ងៃទី១៦ ខែតុលា ហើយនិងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នាថ្ងៃទី៧ ខែវិច្ឆិកា របស់សហរដ្ឋអាមេរិក នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។