Social Network

ប្រធានាធិបតីលោក ម៉ាក្រុង ប្រកាសពីផែនការកាត់បន្ថយកងទ័ពបារាំងក្នុងតំបន់អាហ្វ្រិក ​(Video inside)

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសពីផែនការកាត់បន្ថយវត្តមានយោធាបារាំងដែលកំពុងចូលរួមក្នុង ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិក។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន AP នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មុនចូលរួមកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស លោក ម៉ាក្រុងបានឱ្យដឹង ទៀតថាប្រតិបត្តិការយោធា បាខានណេ (Barkhane) របស់បារាំងនៅក្នុងប្រទេសម៉ាលី និងរួមទាំងបណ្ដាប្រទេសអាហ្រ្វិកដទៃក្នុងតំបន់ Sahel នឹងត្រូវធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅឆ្ពោះទៅរកការបិទបញ្ចប់ជាផ្លួវការ។

ប៉ុន្តែ ប្រធានាធិបតីបារាំងរូបនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទលម្អិតទេ ដោយគ្រាន់តែបង្ហើបថាព័ត៌មានលម្អិតនឹងត្រូវចេញផ្សាយនៅចុងខែមិថុនានេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពបារាំងច្រើនជាង ៥,០០០នាក់កំពុងឈរនៅតំបន់ Sahel។ កងទ័ពបារាំងមានវត្តមាននៅក្នុងប្រទេសម៉ាលីចាប់តាំងពី ឆ្នាំ២០១៣មកម្លេះ ដើម្បីជួយរដ្ឋាភិបាលម៉ាលីក្នុងប្រតិបត្តិការយោធា Serval ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយម។

តែក្រោយមក ប្រតិបតិការនេះត្រូវបានប្ដូរឈ្មោះទៅជាប្រតិបត្តិការ Barkhane វិញ ដោយពង្រីកវិសាលភាពដល់ប្រទេសឆាដ, នីហ្សេ, បួរគីណា ហ្វាសូ និងមូរីតានី៕

ដកស្រង់ពី៖ Fresh News