Social Network

មុនផុតអាណត្តិលោក ដូណាល់ ត្រាំ ទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះការដោះស្រាយវិបត្តិកូវីដ-១៩

 (វ៉ាស៊ីនតោន)៖ ភាពអសមត្ថភាពរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយជំងឺឆ្លងរាតត្បាតសកល (COVID-19) បានទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្ឌិតសភា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺនេះ បានកើនឡើងដល់ជាង ៤០០,០០០នាក់គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។ បើតាមប្រសាសន៍របស់អតីតនាយកដែលទើបចូលនិវត្តន៍ នៃមជ្ឈមណ្ឌលសង្គម និងសុខភាពនៅសាកលវិទ្យាល័យ វើជីនៀ (Virginia Commonwealth) បានឲ្យដឹងថា «ការឆ្លង និងបាត់បង់ជីវិតដោយសារជំងឺ COVID-19 នេះ គឺយើងអាចបង្ការបាន ប៉ុន្តែពេលនោះយើងមិនបានបង្កើនការព្យាយាម ប្រយុទ្ធប្រឆាំងនឹងវានោះទេ»។

ជុំវិញបញ្ហានេះដែរ លោក ថូម៉ាស់ វ៉ាលែន (Thomas Whalen) ដែលជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យបូស្តុន បានធ្វើការវាយប្រហារ និងតិះដៀលដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ យ៉ាងចាស់ដៃ ដែលកន្លងមកប្រធានាធិបតីរូបនេះ តែងតែមើលងាយម្តងហើយម្តងទៀត ចំពោះភាពសាហាវនៃជំងឺនេះ។

លោក Whalen បានលើកឡើងថា «លោក ដូណាល់ ត្រាំ ដឹងថាវាគឺជាការគំរាមកំហែង ដោយជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ប៉ុន្តែលោកពិតជាមិនបានធ្វើអ្វីដែលចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ប្រកបដោយការគិតគូរ ពិចារណា និងភាពវាងវៃនោះឡើយ»។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២៤,៨០៩,៨៤១ករណី ក្នុងនោះមានអ្នកស្លាប់ ៤១១,៥២០នាក់ និងអ្នកជាសះស្បើយ ១៤,៧៨៦,៨៨៦នាក់៕

ដកស្រង់ពី៖ Fresh News