Social Network

អាមេរិកប្រកាន់ជំហរដដែល៖ អ៊ីរ៉ង់គឺជាអ្នកវាយប្រហាររោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ដែលជាទង្វើចង់បង្កសង្គ្រាម!

 (រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នៅតែប្រកាន់ជំហរដដែលថា ការវាយប្រហារ លើរោងចក្រប្រេងចំនួនពីរកន្លែង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺជាស្នាដៃរបស់អ៊ីរ៉ង់ និងជាទង្វើចង់បង្កសង្រ្គាម។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នាឱកាសបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការបរទេស អាមេរិក បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «គ្មានពលរដ្ឋអាមេរិក ណាម្នាក់ស្លាប់ នៅក្នុងការវាយប្រហារនេះទេ... ប៉ុន្តែសកម្មភាព ឬទង្វើចង់បង្កសង្រ្គាមបែបនេះ តែងតែបង្កហានិភ័យជានិច្ច ហើយវាគឺជាការវាយប្រហារទ្រង់ទ្រាយធំមួយ ដែលយើងមិនធ្លាប់ឃើញពីមុនមក»។

បន្ថែមពីលើនេះលោក ប៉ុមប៉េអូ បានប្រកាន់ជំហរដដែលថា អ៊ីរ៉ង់គឺជាអ្នកវាយប្រហារ លើរោងចក្រប្រេង របស់អារ៉ាប៊ីសាអូឌីត  ហើយការប្រកាស ទទួលខុសត្រូវ របស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន គឺជាការកុហកទាំងស្រុង ព្រោះទីក្រុងតេហេរ៉ង់ ជាអ្នកបញ្ជាឱ្យក្រុមឧទ្ទាមមួយនេះ ចេញមុខទទួលខុសត្រូវ ខណៈក្រុមឧទ្ទាមហ៊ូទី មិនមានប្រភេទអាវុធ ដែលប្រើប្រាស់ ក្នុងការវាយប្រហារនេះ ទេ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រោងចក្រប្រេងចំនួន ០២កន្លែងរបស់ ក្រុមហ៊ុនប្រេង អារ៉ាប៊ីសាអូឌីត អារាំកូ (Aramco) បានរងការវាយប្រហារ ដោយយន្ដហោះដ្រូន ដែលកំពុងបង្កឱ្យការផលិតប្រេង របស់អារ៉ាប៊ីសាអូឌីត ធ្លាក់ចុះ ៥.៧លានបារែល ក្នុងមួយថ្ងៃ។

ម្យ៉ាងវិញទៀតទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដសុទ្ធតែអះអាងដូចគ្នាថា អ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត ប៉ុន្តែទីក្រុងតេហេរ៉ង់ បានបដិសេធជាមួយការព្រមានថាខ្លួន នឹងចាត់វិធានការយោធា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើសិនមានការវាយប្រហារ  ណាមួយមកលើ បូរណភាពដែនដីអ៊ីរ៉ង៕

ដកស្រង់ពី៖ Fresh News