Social Network

កូរ៉េខាងត្បូងស្នើការឆ្លើយតបពីកូរ៉េខាងជើង ដើម្បីរៀបចំជំនួបកំពូលមូន-គីមជាថ្មីម្តងទៀត

  (វ៉ាស៊ីនតោន)៖ កូរ៉េខាងត្បូង បានអំពាវនាវឲ្ យកូរ៉េខាងជើង យល់ព្រមបើកកិច្ចប្រជុំ កំពូលថ្មីមួយទៀត រវាងលោក គីម ជុងអ៊ុន  និងលោក មូន ចេអ៊ីន នៅមុនដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋធានីសេអ៊ូល នាសប្តាហ៍ក្រោយ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងវេទិកាមួយ ដែលរៀបចំឡើងដោយ ស្ថាប័នតាមដានស្ថានការណ៍អន្តរជាតិ Atlantic Council នៅឯរដ្ឋធានីវ៉ាស៊ីនតោន  អ្នកតំណាងពិសេស របស់កូរ៉េខាងត្បូង ទទួលបញ្ហាកូរ៉េខាងជើង លោក លី ដូហ៊ូន (Lee Do-Hoon) បានទទូចឲ្យមានកិច្ចប្រជុំកំពូលលើកទី ៤ រវាងលោក គីម និងលោក មូន។

លោក Lee បាននិយាយដូច្នេះថា «ខ្ញុំសូមស្នើឲ្យកូរ៉េខាងជើង ឆ្លើយតបចំពោះ ការអញ្ជើញរបស់លោក មូន ជុំវិញការបើកកិច្ចប្រជុំកំពូល អន្តរកូរ៉េជាថ្មីម្តង ដែលបើអាចនៅមុន ដំណើរទស្សនកិច្ចរបស់ លោក ត្រាំ ទៅកាន់កូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ»។

គួរជម្រាបថា លោក ដូណាល់ ត្រាំ នឹងមកទស្សនកិច្ ចនៅទីក្រុងសេអ៊ូល នាសប្តាហ៍ក្រោយ ដើម្បីជួបជាមួយលោក មូន ចេអ៊ីន ក្រោយការចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន។ បច្ចុប្បន្ននេះ កិច្ចចរចាជុំវិញបញ្ហាអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ កំពុងតែជាប់គាំង  បន្ទាប់ពីកិច្ចប្រជុំកំពូល នៅវៀតណាមរវាងលោក ត្រាំ និង លោក គីម បានបញ្ចប់ទៅដោយបាតដៃទទេ  ហើយចាប់ពីពេលនោះមក ទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតប នឹងបំណងចង់បន្ត កិច្ចសន្ទនាឡើងវិញ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ឬមួយក៏ទីក្រុងសេអ៊ូលនោះឡើយ៕

ដកស្រង់ពី៖ Fresh News