កម្លាំងស្រូបរបស់ព្យុះទី៩ សៅឡា ធ្វើឱ្យស្ថានភាពទឹកភ្លៀង ក្នុងប្រទេសកម្ពុជា ចុះខ្សោយ
- Details
- Category: Annoucement
ភ្នំពេញៈ វិសម្ពាធ TD នៅក្នុងសមុទ្រភាគឦសាន នៃប្រទេសហ្វីលីពីន បានវិវត្តទៅជាព្យុះទី៩ មានឈ្មោះ សៅឡា (SAOLA) ដោយមានដំណើរទៅរកកោះតៃវ៉ាន់។ ព្យុះនេះ ធ្វើឱ្យស្ថានភាពទឹកភ្លៀងរដូវវស្សា នៅក្នុងប្រទេសកម្ពុជា ចុះខ្សោយមួយរយៈ រហូតដល់ព្យុះនេះ អស់ឥទ្ធិពល ទើបមានភ្លៀងធ្លាក់រាយប៉ាយ ត្រឡប់មកវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ថាៈ វិសម្ពាធ TD នៅ ក្នុងសមុទ្រភាគឦសាន នៃប្រទេសហ្វីលីពីន បានវិវត្តទៅជាព្យុះទី៩ ឈ្មោះ សៅឡា (SAOLA) ដោយមានដំណើរទៅលើ (ជើង) រកកោះតៃវ៉ាន់។
នៅក្នុងអំឡុងពេល ព្យុះនេះ កំពុងមានសកម្មភាព ដោយមានកម្លាំងស្រូបខ្លាំង ធ្វើឱ្យស្ថានភាពភ្លៀង រដូវវស្សា នៅលើប្រទេសកម្ពុជា ចុះខ្សោយបំផុត។
កាលពីថ្ងៃទី២៤ ខែសីហា អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងថាៈ ស្ថានភាពធាតុអាកាស ពីថ្ងៃនេះ (២៤សីហា) រហូតដល់ថ្ងៃទី២៨ ខែសីហា ជាទូទៅ ភ្លៀងធ្លាក់មានកម្រិតខ្សោយបំផុត តែចាប់ពីក្រោយថ្ងៃទី២៩ សីហា ទៅ អាចមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាបមួយ អូសកាត់តំបន់អាងទន្លេមេគង្គលើ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថាៈ ប្រព័ន្ធសម្ពាធទាប អាចនឹងកើតមាន នៅតំបន់អាង ទន្លេមេគង្គលើ បន្ទាប់ពីព្យុះទី៩ ដែលកំពុងមានសកម្មភាព នៅក្នុងសមុទ្រភាគឦសាន នៃប្រទេសហ្វីលីពីន អស់ឥទ្ធិពល ពេលវាដើរទៅដល់កកោះតៃវ៉ាន់នោះ។
ប្រព័ន្ធសម្ពាធ ទាប ដែលនឹងកើតមានឡើងវិញ នៅតំបន់អាងទន្លេមេគង្គលើ ក្រោយពីព្យុះទី៩ រលាយ នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងប្រទេសកម្ពុជាវិញ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានជូន ដំណឹង ស្តីពីការព្យាករណ៍ស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហាថាៈ ក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ នាំឱ្យមានភ្លៀង ធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈធាតុអាកាសបែបខាងលើ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។
អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ ។
អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពី តិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។
អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកំពស់មធ្យម៕
ដកស្រង់ពី៖ រស្មីកម្ពុជា