Social Network

បរិ​យា​កាល​ក្តៅ​ហប់ បង្កឱ្យមាន​បាតុភូត​ខ្យល់​កន្ត្រាក់ ក្នុងពេល​ព្យុះ មាន​កម្លាំង​ស្រូប​កាន់តែខ្លាំង​

ភ្នំពេញៈ ព្រមពេលជាមួយគ្នានឹងព្យុះទី២ មានកម្លាំងស្រូប កាន់តែខ្លាំង សីតុណ្ហភាពអតិបរមា នៅក្នុងប្រទេសកម្ពុជា បានចុះបន្តិច តែសីតុណ្ហភាពអប្បបរមា នៅមិនទាន់មានចុះ ធ្វើឱ្យបរិយាកាស មានសភាពហប់ខ្លាំង បង្កឱ្យកើតមានបាតុភូត ខ្យល់កន្ត្រាក់ នៅពេលមេឃ រកកលធ្លាក់ភ្លៀង។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថាៈ ស្ថានភាពធាតុ អាកាស នៅពេលនេះ បើពិនិត្យទៅលើសីតុណ្ហភាពអតិបរមា ឃើញមានចុះបន្តិចបន្តួច ហើយ តែសីតុណ្ហភាពអប្បបរមា នៅមិនទាន់ចុះនៅឡើយ ធ្វើឱ្យបរិយាកាស មានសភាពហប់ខ្លាំង មានភ្លៀងដោយកន្លែង និងបាតុភូតខ្យល់កន្ត្រាក់ នៅបន្តកើត មានច្រើន។

ចំណែកស្ថានភាពខ្យល់វិញ អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថា បន្តមានឥទ្ធិពលកាន់តែខ្លាំង ដោយសារកម្លាំងស្រូបរបស់ព្យុះទី២ ឈ្មោះ ម៉ាវ៉ា នៅពេលវា ដើរមកកាន់តែក្បែរខាងកើតកោះតៃវ៉ាន់។

នៅពេលនោះ ភ្លៀងអាចមាន ធ្លាក់ច្រើន តែនៅតំបន់មាត់សមុទ្រ និងមានខ្យល់មូសុងនិរតីខ្លាំង ។ ការខូចខាតផ្ទះ សម្បែង នៅតាមបណ្តាខេត្តមួយចំនួន កាលពីថ្ងៃទី២៤ ខែឧសភា មិនមែនជាឥទ្ធិពល របស់ព្យុះទេ គឺបាតុភូតខ្យល់កន្ត្រាក់ កើតឡើងនៅក្នុងតំបន់។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភាថា ព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងពេលនេះ ទទួលឥទ្ធិពល ពីតំបន់នៃជ្រលងសម្ពាធ ទាប ពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនីរតី មធ្យមនាំឱ្យ សីតុណ្ហភាពអប្បបរមា មានពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ និងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។នៅលើផ្ទៃសមុទ្រ មានរលកខ្ពស់ៗ ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថា ស្ថានភាពដូចខាងលើ ធ្វើឲ្យតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា ពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៤ទៅ៣៦អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី៣៣ទៅ៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។

អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ លើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់៕

ដកស្រង់ពី៖ រស្មីកម្ពុជា