Social Network

ព្យុះទី២សម្រាប់ឆ្នាំ២០២៣មានកម្លាំងស្រូបខ្លាំងនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយល្អរហូតដល់ដាច់ខែឧសភា

ភ្នំពេញៈ ព្យុះទី២សម្រាប់ឆ្នាំ២០២៣ឈ្មោះម៉ាវ៉ា(Mawar)ជាព្យុះទីហ្វុងដែលកំពុងមានសកម្មភាពនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតប្រទេសហ្វីលីពីនពេលវាដើរមកក្បែរប្រទេសហ្វីលីពីននឹងមានកម្លាំងស្រូបខ្លាំងធ្វើឱ្យខ្យល់មូសុងនិរតីបង្កើនឥទ្ធិពលខ្លាំងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយល្អនៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះរហូតដល់ដាច់ខែឧសភា។

 

លោកចាន់ យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធន ធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ថៃទី២២ខែឧសភាឆ្នាំ២០២៣ថា ព្យុះទី២សម្រាប់ ឆ្នាំ២០២៣មានឈ្មោះម៉ាវ៉ា នេះជាព្យុះទីហ្វុងកំពុងមានសកម្មភាពនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតប្រទេសហ្វីលីពីន នៅពេលមកដល់ក្បែរភាគឦសានប្រទេសហ្វីលីពីននៅអំឡុងថ្ងៃទី ២៥ខែឧសភាវាអាចនឹងមានកម្លាំងស្រូបខ្លាំងដោយបង្កឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងនាំមកនូវការធ្លាក់ភ្លៀងរាយប៉ាយល្អនៅក្នុងប្រទេសកម្ពុជា។អ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថា ព្យុះម៉ាវ៉ាដែលនឹងបង្កើនឥទ្វិពលកាន់តែខ្លាំងពេលដើរមកក្បែរប្រទេសហ្វីលីពីនមុនទៅរកកោះតៃវ៉ាន់បាន បង្កើនកម្លាំងស្រូបធ្វើឱ្យខ្យល់មូសុងបង្កើនឥទ្ធិពលកាន់តែខ្លាំងស្របពេលនៅតំបន់អាងទន្លេមេគង្គលើមានសម្ពាធទាបមួយផងនោះនាំឱ្យមានភ្លៀងរាយប៉ាយល្អនៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេសកម្ពុជាចាប់ពីពេលនេះរហូតដល់ដំណាច់ខែឧសភា។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ខែឧសភាថាព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនិងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបខាងលើធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៦ទៅ២៨អង្សាសេ សីតុណ្ហភាព អតិបរមាមានពី៣៦ទៅ៣៨អង្សាសេ។

អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនិងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៥ទៅ៣៧អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់ ។

តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ ២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៣ទៅ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។

បន្តពីថ្ងៃទី២០–២៣ ខែឧសភា បរិមាណភ្លៀងអាចកើនក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ដកស្រង់ពី៖ រស្មីកម្ពុជា