Social Network

សម្តេចតេជោ ហ៊ុន សែន ស្នើជប៉ុន ជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា ព្រោះបេសកកម្មកម្ពុជាមិនចប់ត្រឹមស៊ីហ្គេម៣២នេះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណជប៉ុន ដែលបានជួយបង្វឹកកីឡាយូដូដល់កីឡករ កីឡាការិនីកម្ពុជា ឱ្យទទួលបានសមត្ថភាពក្នុងការប្រកួតស៊ីហ្គេមលើកទី៣២។

សម្តេចតេជោ បានស្នើជប៉ុនហ្វឹកហាត់សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា បន្តទៅទៀត ព្រោះបេសកកម្មកម្ពុជាមិនបញ្ចប់ត្រឹមស៊ីហ្គេមលើកទី៣២នេះឡើយ។

ការថ្លែងអំណរគុណបានធ្វើឡើងក្នុងពេលដែលលោក ហ្គោតារ៉ូ អូហ្កាវ៉ា (Gotaro Ogawa) ប្រធានគាំទ្រូយូដូកម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនោះលោក អូហ្កាវ៉ា បានសម្តែងការអបអរសាទរជូនសម្តេចតេជោ ដែលបានរៀបចំការប្រកួតស៊ីហ្គេម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោកបានលើកឡើងថា កីឡាករ កីឡាការិនីរបស់កម្ពុជា មានការតស៊ូ និងព្យាយាមខ្លាំងណាស់ នៅពេលទៅហ្វឹកហាត់នៅជប៉ុន។

លោកបន្តថា គ្រូបង្វឹក កីឡាករ កីឡាការិនីរបស់ជប៉ុន មានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់កីឡាករ កីឡាការិនីរបស់កម្ពុជា។

លោក អូហ្កាវ៉ា បន្តថា កីឡាករ កីឡាការិនីរបស់កម្ពុជា មានទេពកោសល្យ និងសក្តានុពលលើកីឡាយូដូ។ ក្នុងន័យនេះ លោកបានស្នើសុំសម្តេចតេជោ ឱ្យជប៉ុន ជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជាបន្តទៅទៀត។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក អូហ្កាវ៉ា លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដាយច្រើន មិនធ្លាប់មានពីមុនមកក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

សម្តេចតេជោ បានស្នើលោក អូហ្កាវ៉ា លោកគ្រូ អ្នកគ្រូយូដូរបស់ជប៉ុន ជួយហ្វឹកហាត់កីឡាករ កីឡាការិនីរបស់កម្ពុជាបន្តទៅទៀត ព្រោះបេសកកម្មកម្ពុជាមិនបញ្ចប់ត្រឹមស៊ីហ្គេម៣២នេះទេ គឺត្រូវទៅចូលរួមការប្រកួតបន្តបន្ទាប់ទៀត។

ម្យ៉ាងវិញ កីឡានាំមកនូវសុខភាពល្អ និងជាស្ពាននាំមកនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជន៕

ដកស្រង់ពី៖ Fresh News