Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណើរទស្សនកិច្ចប្រេសិតពិសេស៖ អាស៊ានបានប្រគល់វ៉ាក់សាំង២លានដូស ជូនដល់មីយ៉ាន់ម៉ា

  • Print

នៅក្រោមផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ អាស៊ានបានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ជូនដល់ភាគីមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ពិធីប្រគល់វ៉ាក់សាំងនេះ មានការចូលរួមដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន និង លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងនាមជាតំណាងរបស់ លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន (SG-AHAC) ព្រមទាំង លោក ឆិន ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំមីយ៉ាន់ម៉ា។

តាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន បានឱ្យដឹងថា វ៉ាក់សាំងចំនួន២លានដូស នឹងត្រូវចាក់ជូនប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នារបស់ក្រសួងសុខាភិបាល និងដៃគូ ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ព្រមទាំងត្រូវបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ។

សេចក្តីលម្អិតនៃការផ្តល់ និងការគ្រប់គ្រងវ៉ាក់សាំងនេះ នឹងត្រូវបានកំណត់នៅពេលក្រោយ ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) លេខាធិការដ្ឋានអាស៊ាន ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា រដ្ឋាភិបាលចិន និងដៃគូពាក់ព័ន្ធ ដោយគ្មានភាពលំអៀង ព្រមជាមួយនឹងគោលបំណងតែមួយគត់គឺ «មិនទុកនរណាម្នាក់នៅមីយ៉ាន់ម៉ាចោលនោះទេ»។

នៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា «ជំនួយមនុស្សធម៌មិនគួរត្រូវបានលាបពណ៌អ្វីឡើយ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូខាងក្រៅ គួរតែទុកមួយឡែកនូវការខ្វែងគំនិតផ្នែកនយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆ័ត្រមនុស្សធម៌ ដើម្បីកែលម្អស្ថានភាពជាក់ស្តែងបន្តិចម្តងៗ។ មិនថាផ្នែកណាមួយនៃប្រទេសមីយ៉ាន់ម៉ានោះទេ គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ហើយអ្វីដែលសំខាន់បំផុតជាងគេនោះគឺថា ត្រូវតែបោះជំហានដំបូងទៅមុខ។

» សេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន បានបញ្ជាក់ថា ពិធីប្រគល់ជំនួយជាវ៉ាក់សាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយមានការគាំទ្រពីដៃគូសន្ទនា ដូចជាប្រទេសចិន និងដៃគូខាងក្រៅដទៃទៀត ដើម្បីលើកកម្ពស់មជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមនៅក្នុងតំបន់។ សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមប្រេសិតពិសេសអាស៊ាន បាន និងកំពុងបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ៕