Social Network

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃនេះដល់ថ្ងៃទី៥ ខែកក្កដា, អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង ។

សម្ពាធទាបនេះនឹងវិវត្តខ្លួន ជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។

* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន

៖ * សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C

* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕